នាំមកជូនដោយ

ជាសិស្សរៀនសុខៗ បែកគំនិតក្លាយជាចោរឆក់ទូរស័ព្ទ 


ប្រភេទ៖ សន្តិសុខ សង្គម
   
8/9/2018 7:58:38 PM

ខេត្តប៉ៃលិន ៖ សិស្សសាលាមកពីខេត្តបាត់ដំបង ចំនួន២នាក់ ត្រូវបាននគរបាលស្រុករតនមណ្ឌល សហការជាមួយនគរបាលប៉ៃលិន ចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូ១គ្រឿង ធ្វើសកម្ម ភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន រួចជិះម៉ូតូបម្រុងគេចខ្លួន ក៏ស្ទាក់ចាប់បានភ្លាមៗ តែម្តង ។  ហេតុការណ៍ក្មេងសិស្សសាលាចំនួន២នាក់ បែកគំនិតដើរឆក់ទូរស័ព្ទដៃគេនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរផ្ទះសំណា ក់យីហោ «ពេជ្រ សំណាង» ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លុះក្រោយពីបើកម៉ូតូរត់គេចខ្លួនឆ្ពោះទៅ ទិសខាងកើត នគរបាលបានស្ទាក់តាមផ្លូវចាប់ឃាត់ខ្លួននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ប្រភពព័ត៌មានបានឱ្យដឹងថា មានជនសង្ស័យជាសិស្សសាលាចំនួន២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកកាវ៉ាសាគី (Kawasaki Z250)  ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ រួចក៏ជិះគេចខ្លួនឆ្ពោះទៅទិសខាងកើតបាត់ ។ ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានធ្វើការដេញចាប់តាំងពីខេត្តប៉ៃលិន រហូតដល់មុខអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ៖ ១- ឈ្មោះ ភាព សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នកឆក់) ។ ២- ឈ្មោះ វាសនា វណ្ណា (ហៅធីត) ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យមុនីវង្ស ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអូរតាគាំ២ ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកបើកបរម៉ូតូ) ។ ចំណែកជនរងគ្រោះ មានឈ្មោះ ដេង យ៉ិន (ហៅស្រីលាក់) ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកលក់ខោអាវ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភពបញ្ជាក់ទៀតថា វត្ថុតាងក្នុងករណីខាងលើនេះរួមមាន ៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone 6 Plus ពណ៌ទឹកមាស ទំហំ៦៤ជីហ្គាបៃ (របស់ជនរងគ្រោះ)  និង១គ្រឿងទៀត ម៉ាកNokai (ចុចពិល) ពណ៌ខ្មៅ រួមជាមួយម៉ូតូ១គ្រឿង ម៉ាកកាវ៉ាសាគី (Kawasaki Z250) ពណ៌ខ្មៅ គ្មានស្លាកលេខផងដែរ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងកសាងសំនុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី ៕